[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការប្រកាសគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chery Fulwin T10 ប្រភេទរថយន្ត SUV ប្រើប្រាស់ hybrid នៅថ្ងៃទី១៤ ខែកក្កដា ដែលមានតម្លៃលក់នៅក្នុងទីផ្សារប្រទេសចិនចាប់ពី ២៧ ៥០០ ដុល្លារ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៥០ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៧១២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ដោយទទួលបានពណ៌តួខ្លួនខាងក្រៅចំនួន ៤ រួមមាន ពណ៌ស ខ្មៅ ប្រាក់ និងបៃតងចាស់ ដែលមានការឌីស្សាញផ្នែកខាងមុខបំពាក់ប៉ាណាមុខរាងដំណក់ទឹក ជាមួយនឹងឡូហ្គូល Chery នៅចំកណ្តាល អមដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ទាំងសងខាងអូសកាត់តភ្ជាប់គ្នាដោយភ្លើង DRLs សម្រាប់ផ្នែកចំហៀងវិញ ប្រើដៃទ្វារប្រភេទ semi-hidden door handles និងថាសកង់ស្ព័រ ជាដើម។
សម្រាប់ប្រព័ន្ធដំណើរការវិញ រថយន្តនេះទទួលបានជម្រើសម៉ាសុីនជាច្រើនរួមមាន៖
- ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ និងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged អាចផលិតកម្លាំងបាន ៣៧៥សេះ និងកម្លាំងរមួល ៤៧៥ញ៉ូតុនម៉ែត្រ រត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ ចំណាយពេល ៨,៨ វិនាទី
- ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ២ និងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged អាចផលិតកម្លាំងបាន ៦២៤ សេះ និងកម្លាំងរមួល ៧៤០ ញ៉ូតុនម៉ែត្រ រត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ ចំណាយពេល ៤,៩ វិនាទី
គួរបញ្ជាក់ផងដែរថា រថយន្តនេះនឹងបំពាក់នូវអាគុយទំហំ ៣៤,៤៦ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរដោយការប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធបានចម្ងាយពី ២០០-២១០ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយសរុប ១ ៤០០ គីឡូម៉ែត្រ និងបំពាក់ដោយប្រអប់លេខ 3-speed DHT។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ភ្លោះ, ប្រព័ន្ធអូឌីយ៉ូ ១៤តំបន់, កៅអីក្តៅ/ត្រជាក់, កៅអីម៉ាស្សា, ដំបូល panoramic sunroof និងពោងសុវត្ថិភាពចំនួន ១០ ៕