Apple បានដំឡើង iPhone នៅឥណ្ឌាសរុបជាទឹកប្រាក់ស្មើនឹង ១៤ពាន់លានដុល្លារ ក្នុងអំឡុងពេលមួយឆ្នាំនៃអាជីវកម្មរបស់ Apple ដែលនេះជាការកើនឡើងគុណនឹងពីរធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន និងបានធ្វើឲ្យ Apple កាន់តែអាចកាត់បន្ថយការពឹងផ្អែកលើរោងចក្រនៅប្រទេសចិន។
បើតាម Bloomberg បានលើកឡើងថា មួយក្នុងចំណោម iPhone ៧គ្រឿង គឺត្រូវបានដំឡើងនៅឥណ្ឌា ដែលស្មើនឹងប្រមាណ ១៤% នៃទំហំផលិតសរុប។ Apple សម្រេចចិត្តបង្វែរការផលិតទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីមានភាពតាងតឹងផ្នែកនយោបាយរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
ប្រភពក្នុងស្រុកបានបង្ហាញថារោងចក្រ Foxconn របស់ចិន ដំឡើងជិត ៦៧% នៃ iPhone សរុប ដោយរោងចក្រ Pegatron រ៉ាប់រងការផលិត ១៧% ក្នុងអំឡុងពេល១២ខែចុងក្រោយ ដែលគិតត្រឹមចុងខែមីនា ឆ្នាំ២០២៤។ នៅសេសសល់ប៉ុន្មានគឺដំឡើងដោយរោងចក្រ Wistron ក្នុងប្រទេសឥណ្ឌា ដែលរោងចក្រនេះទើបតែត្រូវបានទិញយកដោយក្រុមហ៊ុនឥណ្ឌា Tata Group៕