[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla នឹងចាប់ផ្ដើមការដឹកជញ្ជូនរថយន្ត Cybertruck ជាផ្លូវការនៅថ្ងៃទី៣០ ខែធ្នូ ដោយការដឹកជញ្ជូននឹងចាប់ផ្ដើមធ្វើឡើងនាពេលរសៀល។
ជាការអបអរដល់ការចាប់ផ្ដើមជាផ្លូវការនៃការដឹកជញ្ជូននេះ Tesla បានរៀបចំពិធីប្រគល់រថយន្តនៅឯរោងចក្ររបស់ខ្លួនក្នុងរដ្ឋតិចសាស់។
តាមការបញ្ជាក់ឲ្យដឹងពីអ្នកចាត់ការផ្នែករចនាផលិតផលរបស់ Tesla បានឲ្យដឹងថានឹងមានរថយន្ត Cybertruck ១០គ្រឿងប៉ុណ្ណោះ ដែលត្រូវប្រគល់ជូនក្នុងកម្មវិធី។ ម្យ៉ាងវិញទៀតអ្នកដែលទទួលរថយន្តមិនមែនជាអតិថិជនធម្មតានោះទេ ពោលសុទ្ធតែជាបុគ្គលិក Tesla ទាំងអស់។
ចំនួនតិចតួចនៃរថយន្តនេះអាចបកស្រាយបានថាហេតុអ្វីបានជា Tesla មិនអាចបង្ហាញអំពីលក្ខណៈសម្បត្តិបច្ចេកទេសនៃរថយន្ត ដែលធ្វើឲ្យអតិថិជនដែលចុះឈ្មោះកុម្ម៉ង់ទិញនៅមានមន្ទិលងឿងឆ្ងល់ថាពួកគេនឹងទទួលបានរថយន្តប្រភេទណា។
ពេល Tesla បង្ហាញចេញភីកអាប់អគ្គិសនីនេះដំបូងកាលពីចុងឆ្នាំ២០១៩ ក្រុមហ៊ុននិយាយថារថយន្តនេះមានតម្លៃចាប់ពី ៣៩ ៩០០ដុល្លារ និងថ្លៃបំផុតដែលជាប្រភេទប្រើម៉ូទ័របីគឺចាប់ពី ៦៩ ៩០០ដុល្លារ។
ឯកសារកាលពីថ្មីៗនេះបានបង្ហាញថាប្រភេទធូរថ្លៃជាងគេដែលមានម៉ូទ័រអគ្គិសនីចំនួនមួយគឺលែងមានជាជម្រើសទៀតហើយ ដោយមានចាប់ពីប្រភេទម៉ូទ័រពីរ និងប្រភេទម៉ូទ័របី៕