[ទីផ្សារបរទេស] ក្រុមហ៊ុន Kia មានបន្ថែមប្រភេទអគ្គិសនីសុទ្ធលើរថយន្តខ្នាតតូចម៉ូដែល Ray ដោយដាក់លក់នៅកូរ៉េខាងត្បូងក្នុងតម្លៃចន្លោះពី ២០ ៦០០ដុល្លារ ទៅ ២២ ៣០០ដុល្លារ ដែលថ្លៃជាងប្រភេទប្រើម៉ាស៊ីនសាំង។
រថយន្ត Kia Ray EV ស៊េរីឆ្នាំ២០២៤ មានប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំងបាន ៨៧សេះ និងមានអាគុយចំណុះ ៣៥,២kWh អាចបើកបរបានចម្ងាយ ២០៥គ.ម ក្រោយពីសាកភ្លើងពេញ ប៉ុន្តែបើបើកបរក្នុងក្រុងវាអាចបានដល់ចម្ងាយ ២៣៣គ.ម។
Kia Ray EV នេះក៏ទ្រាំទ្រការសាកភ្លើងល្បឿនលឿន ១៥០kW ដោយសាកពី ១០% ឡើងដល់ ៨០% ចំណាយពេលប្រមាណ ៤០នាទី ហើយវាក៏សាកភ្លើងធម្មតាក្នុងកម្លាំង ៧kW បានផងដែរ។
សម្រាប់រូបរាងខាងក្រៅ មិនសូវជាខុសពីប្រភេទម៉ាស៊ីនសាំងប៉ុន្មានឡើយ ដោយវាខុសប្លែកត្រង់មានរន្ធសាកភ្លើងនៅពីខាងមុខ ដែលស្ថិតនៅពីក្រោយឡូហ្គោ Kia ហើយវាមានបន្ថែមជម្រើសពណ៌ខៀវថ្មី។
ទាក់ទងនឹងផ្នែកខាងក្នុង វាមានបំពាក់កុងទ័រឌីជីថលទំហំ ១០,២៤អ៊ីញ និងមានអេក្រង់កណ្ដាលប្រភេទ Touch ទំហំ ៨អ៊ីញ និងមានជម្រើសបន្ថែមគ្រឿងបរិក្ខារទំនើបៗមួយចំនួនផងដែរ៕