លោក Jeff Bezos ស្ថាបនិករបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Amazon ជាបុគ្គលជោគជ័យខ្លាំងក្នុងវិស័យជំនួញ។
លោក Bezos មានចំណង់ចំណូលចិត្តទៅលើផ្នែក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រួមទាំងជាមនុស្សម្នាក់ដែលមានគំនិតឯករាជ្យតាំងពីក្មេងមកម្ល៉េះ។ មុននឹងចាប់ផ្តើមមានជំនួញផ្ទាល់ខ្លួន ក្នុងវ័យ ១៦ឆ្នាំ លោកធ្លាប់ធ្វើការនៅហាងអាហារ McDonald’s ដោយទទួលបានប្រាក់កម្រៃប្រមាណ ២ដុល្លារ/ម៉ោង។
ក្រៅពីនេះ លោកមានបទពិសោធន៍ការងារជាច្រើនកន្លែង ព្រោះក្រោយពីបញ្ចប់ការសិក្សាក្នុងឆ្នាំ ១៩៨៦ ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ និងវិស្វកម្មអគ្គិសនីនៅសកលវិទ្យាល័យ Princeton។ រួចក៏បានចូលបម្រើការងារភ្លាមៗនៅក្រុមហ៊ុន Fitel ជាក្រុមហ៊ុនបច្ចេកវិទ្យា។ ក្រោយមក ក៏បន្តធ្វើការនៅក្រុមហ៊ុន Bankers Trust និងចុងក្រោយជាមួយក្រុមហ៊ុនវិនិយោគ D.E. Shaw & Co.។
នៅឆ្នាំ ១៩៩៤ លោក Jeff Bezos បានឈប់ពីការងារមកចាប់ផ្តើមអាជីវកម្មវិញ។ ព្រោះលោកមើលឃើញនូវសក្តានុពលនៃការលក់ និងទិញទំនិញតាមអនឡាញ អាចនឹងមានកំណើនប្រើប្រាស់ច្រើននៅប៉ុន្មានឆ្នាំខាងមុខ។ មិនបង្អង់យូរ លោកប្រើប្រាស់យាន្តដ្ឋានតូចមួយនៅក្នុងផ្ទះ ធ្វើជាបន្ទប់ការងារ ជាមួយនឹងរបរលក់សៀវភៅលើគេហទំព័រ Cadabra ក្រោយមកទើបប្តូរឈ្មោះទៅជា Amazon វិញ។
២ ទៅ ៣ ឆ្នាំដំបូង អាជីវកម្មនេះមិនទទួលបានប្រាក់ចំណេញនោះទេ។ ប៉ុន្តែក្រោយមក Amazon មានការគាំទ្រច្រើន នៅពេលដែល លោក Bezos ចាប់ផ្តើមផ្លាស់ប្តូរ និងសហការជាមួយម្ចាស់អាជីវកម្មផ្សេងទៀត ពង្រីកពីការលក់តែសៀវភៅ មកជាគេហទំព័រលក់ផលិតផល ទំនិញគ្រប់ប្រភេទវិញ មានការរីកចម្រើនរហូតក្លាយជាពាណិជ្ជកម្មអេឡិចត្រូនិកធំមួយប្រចាំអាមេរិក។
ក្រៅពី Amazon ហើយនោះ លោកក៏មានជំនួញ និងការវិនិយោគផ្សេងៗទៀត ដោយនៅឆ្នាំ ២០០០ បានបង្កើតក្រុមហ៊ុនអវកាសឯកជន Blue Origin រីឯនៅឆ្នាំ ២០១៣ បានទិញយកក្រុមហ៊ុនកាសែត The Washington Post ក្នុងតម្លៃ ២៥០ លានដុល្លារ។
សារដាស់តឿនមួយដែលលោកបានតែងតែចែករំលែកគឺ ការហ៊ានសាកល្បង ទោះបីជាលទ្ធផលបែបណា យ៉ាងហោចណាស់យើងបានចាប់ផ្តើម គ្រាន់បើជាងស្តាយក្រោយនៅពេលក្រោយ។ នេះជាមូលហេតុជំរុញលោកហ៊ានសាកល្បងបង្កើត Amazon ឡើងតាំងពីចំណុច ០ ឲ្យក្លាយជាក្រុមហ៊ុនលំដាប់ដែលមានគេស្គាល់ជុំវិញពិភពលោក។