ក្រុមហ៊ុនមេរបស់ Google គឺ Alphabet បានមើលឃើញ ប្រាក់ចំណូលរបស់ខ្លួនកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ១ ឆ្នាំ២០២១ នេះ នៅពេលដែលមនុស្សភាគច្រើនកំពុងជាប់គាំងនៅក្នុងផ្ទះ ដោយសារតែរោគរាតត្បាតកូវីដ១៩ ហើយកាន់តែប្រើប្រាស់សេវាកម្មរបស់ខ្លួនច្រើនឡើងៗ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Alphabet បានកើនឡើង ១៦២% ដល់កំណត់ត្រា ១៧,៩ ពាន់លានដុល្លារ ក្នុងរយៈពេល ៣ ខែដំបូង គិតត្រឹមខែមីនា ឆ្នាំ២០២១ ដោយសារប្រាក់ចំណូលនៃការផ្សាយពាណិជ្ជកម្មកើនឡើង ៣ដង។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សខាងលើ កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងលើអំណាចរបស់វា ហើយជំងឺរាតត្បាតបានធ្វើឲ្យមនុស្សងាកទៅរកអ៊ីនធឺណិតច្រើនជាងពេលណាៗទាំងអស់។
នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បានមានប្រសាសន៍ថា “ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រជាជនបានងាកទៅរក Google Search និងសេវាកម្មតាមអ៊ិនធឺណិតជាច្រើន ដើម្បីទទួលបានព័ត៌មាន ភ្ជាប់នឹងការកម្សាន្ត”៕