គេសង្កេតឃើញថា មនុស្សឈរតម្រង់ឈួរគ្នាដើម្បីទិញទំនិញនៅតាមហាងល្បីៗ ដូចជា Walmart និង Best Buy នៅក្នុងថ្ងៃលក់បញ្ចុះតម្លៃពិសេស Black Friday ហាក់មានភាពធូរស្បើយជាងមុន ប៉ុន្តែមិនមែនដោយសារមនុស្សឈប់ទិញអីវាន់ឡើយ គឺព្រោះតែពួកគេទិញអីវាន់តាមស្មាតហ្វូនជំនួសវិញ។
បើយោងតាមរបាយការណ៍ Holiday Shopping ពី Adobe បានបង្ហាញថា នៅ Black Friday 2019 គេលក់បានលុយចំនួន ៧,៤ពាន់លានដុល្លារពីការទិញតាមអនឡាញ។ ក្នុងនោះប្រមាណជា ២,៩ពាន់លានដុល្លារ គឺបានពីអតិថិជនដែលទិញតាមស្មាតហ្វូនរបស់ពួកគេ ធ្វើឲ្យ Black Friday ក្លាយជាថ្ងៃដែលគេទិញតាមទូរសព្ទដៃធំបំផុតមិនធ្លាប់មាននៅអាមេរិក។
គួរឲ្យដឹងថា ការទិញទំនិញតាមស្មាតហ្វូន បានដណ្តើមចំណែក ៣៩% នៃការលក់លើអនឡាញសរុប កើនឡើងដល់ ២១% បើប្រៀបធៀបនឹងឆ្នាំមុន។ មិនតែប៉ុណ្ណោះ មនុស្សភាគច្រើនមានទំនោរទិញទំនិញច្រើន ពេលពួកគេទិញតាមអនឡាញ។ ជាមធ្យម តម្លៃនៃការបញ្ជាទិញសម្រាប់ទំនិញអនឡាញនៅ Black Friday គឺ ១៦៨ដុល្លារ ដែលជាកំណត់ត្រាថ្មី៕