Elon Musk អាចនឹងលក់ភាគហ៊ុន Tesla បន្ថែមទៀត

យោងតាមការរាយការណ៍របស់ Bloomberg បានបង្ហាញថា យោងទៅតាមការស្ទង់មតិចុងក្រោយបង្អស់របស់ MLIV Pulse វិនិយោគិនបានព្យាករណ៍ថាមហាសេដ្ឋី Elon Musk នឹងលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla បន្ថែមទៀតនៅចុងឆ្នាំ២០២២។

ជាពិសេសប្រហែល ៧៥% នៃអ្នកឆ្លើយតបនៃការស្ទង់មតិនេះ មាន ១ ៥៦២នាក់ បាននិយាយថា Musk នឹងមិនទិញ Twitter ទេ ហើយចំនួនមួយភាគបីនៃមនុស្សទាំងអស់បាននិយាយថាគាត់បានចំណាយច្រើនជាង ១ ពាន់លានដុល្លារដើម្បីផ្សះផ្សាជាមួយ Twitter ជំនួសឱ្យការធ្វើឱ្យកិច្ចព្រមព្រៀង ៤៤ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះដែរ ២៧% ជឿថាតុលាការនឹងតម្រូវឱ្យ Musk បង់ប្រាក់ ១ពាន់លានដុល្លារក្នុងការបំពានកិច្ចសន្យា។ ទោះជាយ៉ាងណាក៏ដោយ លោក Mike Loukas ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន TrueMark Investments បាននិយាយថា ទោះបីជាលោក Musk ទិញ Twitter ឬមិនក៏ដោយ Musk ក៏នឹងលក់ភាគហ៊ុន Tesla បន្ថែមទៀតផងដែរ។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ១៦% នៅឆ្នាំនេះ ច្រើនជាង S&P 500 ដែលចុះត្រឹម ១៣,៣% ។ ដោយក្រុមហ៊ុនផលិត​រថយន្ត​អគ្គិសនី​បាន​រង​គ្រោះ​ដោយ​ការ​រំខាន​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ការ​បិទរោងចក្រ​ក្នុង​ប្រទេស​ចិន និង​ការ​រំខាន​ផ្សេង​ទៀត។ ក្នុងនោះទ្រព្យសម្បត្តិ ២៦២ ពាន់លានដុល្លាររបស់លោក Musk ភាគច្រើនបានមកពីភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន Tesla ។ កាលពីខែវិច្ឆិកាឆ្នាំមុន នាយកប្រតិបត្តិនៃក្រុមហ៊ុនរថយន្តអគ្គិសនីបានបើកការស្ទង់មតិនៅលើ Twitter ។ គាត់បានសួរអ្នក Follower ថាតើត្រូវលក់ភាគហ៊ុន ១០% នៃ Tesla ដែរឬទេ ហើយប៉ុន្មានខែក្រោយមក Musk បានលក់ភាគហ៊ុន ១៥ លានទៀត។

កាលពីខែមេសាលោក Musk បានលក់ភាគហ៊ុនចំនួន ៩,៤ លានហ៊ុន ដើម្បីសន្សំប្រាក់សម្រាប់ការទិញយក Twitter ដែលនាំឱ្យចំនួនភាគហ៊ុនសរុបដែលបានលក់ក្នុងរយៈពេល ៦ ខែដល់ ២៥ ពាន់លានដុល្លារ។

រហូត​មក​ដល់​ពេល​នេះលោក Musk កំពុង​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទិញ Twitter។ វិនិយោគិនគិតថានេះគ្រាន់តែជាលេសសម្រាប់គាត់ក្នុងការលក់ភាគហ៊ុន Tesla ក្នុងតម្លៃខ្ពស់។ ដូច្នេះហើយ ទោះទិញឬមិនទិញ មហាសេដ្ឋីដែលមានជាងគេលើពិភពលោកនៅតែកាត់បន្ថយភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី៕