Volkswagen កំពុងលក់ឡានអគ្គិសនីដាច់ខ្លាំងនៅប្រទេសចិន

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បាននិយាយកាលពីថ្ងៃសុក្រនេះថា ការដឹករថយន្តអគ្គិសនីទៅកាន់ប្រទេសចិន បានកើនឡើងច្រើនជាង ៣ដង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២១ នេះ ពោលគឺមិនដល់ពីរខែផងបន្ទាប់ពីក្រុមហ៊ុននេះ បានបង្ហាញពីតម្រូវការក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្ររថយន្តអគ្គិសនីរបស់ខ្លួននៅទីនោះ។

ការដឹករថយន្តអគ្គិសនី Volkswagen ទៅកាន់ទីផ្សាររថយន្តធំបំផុតរបស់ពិភពលោកខាងលើ មានចំនួន ៤៧ ២០០ គ្រឿងនៅអំឡុងខែមករា ដល់ខែកញ្ញា ពោលគឺកើនឡើងពី ១៥ ៧០០ គ្រឿង ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Christian Dahlheim ប្រធានផ្នែកលក់នៃក្រុមហ៊ុន Volkswagen បាននិយាយថា “ដូចដែលបានគ្រោងទុក យើងបានបង្កើនល្បឿនទីផ្សាររថយន្តអគ្គិសនី នៅក្នុងប្រទេសចិន នៅត្រីមាសទី ៣ ហើយយើងកំពុងស្ថិតនៅលើផ្លូវដើម្បីសម្រេចបានគោលដៅរបស់យើង សម្រាប់ឆ្នាំនៃការលក់រថយន្តចំនួន ៨០ ០០០ ទៅ ១០០ ០០០ គ្រឿងនៃរថយន្តត្រកូល ID.”។

នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen លោក Herbert Diess កាលពីខែកក្កដាបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួន ត្រូវផ្លាស់ប្តូរវិធីសាស្រ្តក្នុងការធ្វើទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសចិន បន្ទាប់ពីការចែកចាយនៅឆមាសទីមួយ មានត្រឹមតែ ១៨ ២៨៥ គ្រឿងប៉ុណ្ណោះ៕