ក្រុមហ៊ុន Intel និង Samsung នឹងបន្តការផលិតឡើងវិញ នៅខែក្រោយ

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកយក្ស Intel និង Samsung គ្រោងនឹងដំណើរការរោងចក្រក្នុងប្រទេសវៀតណាមរបស់ពួកគេឡើងវិញទាំងស្រុង នៅចុងខែវិច្ឆិកា បន្ទាប់ពីការធ្វើគម្លាតសង្គម បង្កឲ្យមានការរំខានដល់ការផលិត។

តំបន់សេដ្ឋកិច្ច Saigon Hi-Tech Park កំពុងជួយអ្នកជួលរបស់ខ្លួន ដែលបច្ចុប្បន្នភាគច្រើនកំពុងដំណើរការប្រហែល ៧០ ភាគរយដើម្បីឲ្យអាចដំណើរការឡើងវិញទាំងស្រុងនៅខែក្រោយ។ នេះបើតាមការឲ្យដឹងពីអនុប្រធានតំបន់សេដ្ឋកិច្ចខាងលើ លោក Le Bich Loan ប្រាប់ទៅកាន់សារព័ត៌មាន Bloomberg ក្នុងបទសម្ភាសន៍មួយ។

គួរឲ្យដឹងដែរថា តំបន់សេដ្ឋកិច្ច Saigon Hi-Tech Park គឺជាផ្ទះរបស់ក្រុមហ៊ុន Samsung, Intel និង Nidec Sankyo Corp ដែលជាអ្នកផលិតឧបករណ៍ magnetic card readers និង ម៉ូទ័រខ្នាតតូច។

សូមបញ្ជាក់ថា ក្រុមហ៊ុនជាច្រើនដែលកំពុងប្រតិបត្តិការនៅ Saigon Hi-Tech Park បានបាត់បង់ប្រហែល ២០ ភាគរយ នៃការបញ្ជាទិញ-ការនាំចេញរបស់ពួកគេ នៅក្នុងខែកក្កដា និងសីហា។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទីក្រុងហូជីមិញ បានដាក់កម្រិតផ្សេងៗគ្នានៃគម្លាតសង្គម ដែលដាក់កំហិតលើការដំណើរការរោងចក្រ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងនេះបានចាប់ផ្តើមសកម្មភាពឡើងវិញ កាលពីថ្ងៃទី ១ ខែតុលា៕